ជីវិត និង​ស្នាដៃ​របស់ តូម៉ាស់ អេឌីសុន

Greatest Leaders

តូម៉ាស់ អេឌីសុន (Thomas Edison, 1847-1931) តូម៉ាស់ អេឌីសុន (Thomas Edison, 1847-1931)

តូម៉ាស់ អេឌីសុន កើត​នៅ​មីឡង រដ្ឋ​អូហៃយ៉ូ (Ohio) ។ លោក​ជា​ជនជាតិ​អាមេរិក​រស់​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ។ អេឌីសុន​ត្រូវ​បង្ខំ​ចិត្ត​ទៅ​រក​ស៊ី​តាំង​ពី​អាយុ​១២​ឆ្នាំ ។ ក៏​ប៉ុន្តែ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​យ៉ាង​នេះ​ក្ដី កុមារ​អេឌីសុន​នៅ​តែ​ស្រលាញ់​ជក់ចិត្ត​រៀន​សូត្រ​ដោយ​ខ្លួន​ឯង ជាពិសេស​ចូលចិត្ត​ធ្វើការ​ពិសោធន៍​រូបវិទ្យា និង​គីមីវិទ្យា ។

ចាប់​តាំង​ពី​អាយុ​១៥​ឆ្នាំ អេឌីសុន បាន​ចាប់​ផ្ដើម​កសាង​បុព្វហេតុ​នៃ​ការ​រក​ឃើញ​ថ្មី​មួយ ដោយ​បង្កើត​ម៉ាស៊ីន​សព្ទ​ទូរសព្ទ​ជា​លើក​ដំបូង​បង្អស់​ជាមួយ​នឹង​ហុង​វណ្ឌ​ខ្សែលួស​ដែល​គេ​គ្រវាត់​ចោល ។ នៅ​អាយុ​២២​ឆ្នាំ អេឌីសុន​បើក​សហគ្រាស​ជួសជុល​ម៉ាស៊ីន​មួយ ហើយ​មិន​យូវ​ប៉ុន្មាន​បាន​ក្លាយ​ទៅ​ជា​អ្នក​បច្ចេកទេស​ដ៏​ល្បីល្បាញ​ពេញ​ទាំង​ពិភពលោក ។ ក្នុង​មួយ​ជីវិត​ធ្វើ​សកម្មភាព​ក៏​ពុះកញ្ជ្រោល​របស់​ខ្លួន លោក​បាន​ផ្ដល់​ឲ្យ​មនុស្ស​លោក​នូវ​ការ​រក​ឃើញ​ថ្មី​ជាង​មួយ​ពាន់​មុខ​ដ៏​មាន​តម្លៃ ដូចជា ម៉ាស៊ីន​ច្រៀង ទូរសព្ទ អំពូល​ភ្លើង ម៉ាស៊ីន​ភ្លើង ។ល។

                                                       បរាជ័យ​នៃ​ការ​ពិសោធន៍​មួយ

អាយុ​១៥​ឆ្នាំ អេឌីសុន​ត្រូវ​ទៅ​រក​លុយ​ចិញ្ចឹម​ជីវិត​តាម​វិធី​បោះពុម្ព​កាសែត​លក់​ឲ្យ​អតិថិជន​នៅ​តាម​រទេះភ្លើង ។ ជាមួយ​នឹង​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន អេឌីសុន​បាន​ធ្វើ​ឲ្យ​ទំព័រ​កាសែត​កាន់​តែ​មាន​សម្រស់​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អតិថិជន ។ ហេតុ​នោះ ក្រុមហ៊ុន​រទេះភ្លើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​រៀបចំ​នូវ​ទូរ​រថភ្លើង​មួយ​ដោយ​ឡែក​ធ្វើ​រោងជាង​បោះពុម្ព​កាសែត​សម្រាប់​ផ្ដល់​ឲ្យ​ចាងហ្វាង​កាសែត​តូច​ច្រមក់​នេះ ។

ថ្ងៃ​មួយ​រថភ្លើង​កំពុង​តែ​រត់ សំឡេង​ផ្ទុះ​មួយ​ដ៏​ខ្លាំង​ព្រឺព្រួច​បាន​លាន់​ឡើង ។ អ្នក​ដំណើរ​ផ្អើល​ឆោឡោ ។ រថភ្លើង​បញ្ឈប់​ដំណើរ ។

បន្ទាប់​ពី​នាទី​ដ៏​គួរ​ឲ្យ​ភិតភ័យ​នេះ គេ​បាន​រក​ឃើញ​ប្រភព​នៃ​គ្រោះ​មហន្តរាយ​នេះ ។ ការ​ពិត​លោក​ចាងហ្វាង​កាសែត​តូច​ច្រមក់​បាន​ប្រើប្រាស់​ទូរ​រថភ្លើង​សម្រាប់​ខ្លួន​មិន​ត្រឹម​តែ​ធ្វើ​ការ​បោះពុម្ព​កាសែត​ប៉ុណ្ណោះ​ទេ គឺ​នៅ​បាន​ដំណើរ​ការ​ពិសោធន៍​ផ្សេងៗ​ទៀត ។ នៅ​លើក​នេះ ដោយ​ធ្វេស​ប្រហែស អេឌីសុន​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ទូរ​រថភ្លើង ហើយ​ប្រហែល​តែ​មួយ​វិនាទី​ទៀត​… ជីវិត​របស់​អេឌីសុន​ក៏​នឹង​ត្រូវ​បាត់បង់​ដែរ ។

លោក​ប្រធាន​រថភ្លើង​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ដឹង​រឿង​នោះ ។ គាត់​ដាច់​ខាត​ត្រូវ​តែ​បណ្ដេញ​អនាគត​អ្នក​ប្រាជ្ញ​យើង និង​ឲ្យ​រើ​គ្រឿង​ពិសោធន៍​កំប៉ិកកំប៉ុក​ចេញ​ពី​ទូរ​រថភ្លើង​មួយ​រំពេច និង​ប្រើ​សម្ដី​គម្រាម​កំហែង​ដល់​អេឌីសុន​ថា «ប្រយ័ត្ន​ណា ! ឲ្យ​តែ​ឯង​បន្ត​ល្បែង​ចម្កួត​បែប​នេះ​ទៀត គង់​តែ​មាន​ថ្ងៃ​អស់​ជីវិត ហើយ​ថែម​ទាំង​អន្តរាយ​ដល់​ជីវិត​អ្នក​ដទៃ​ទៀត​មិន​ខាន» ។

តែ​យុវជន​ដែល​ស្រលាញ់​ការ​ចេះដឹង មិន​យក​ត្រចៀក​ស្ដាប់​សម្ដី​ទាំងនោះ​ឡើយ ។ ម្នាក់​ឯង​ជាមួយ​បាត​ដៃ​ទាំង​ពីរ អេឌីសុន​បាន​ឈាន​លើ​មាគ៌ា​ឯតទគ្គកម្ម​វិទ្យាសាស្ត្រ​យ៉ាង​អង់អាច​ក្លាហាន

                                                               ល្បែង​បោកប្រាស់​មួយ​ទៀត

ឆ្នាំ​១៨៧៩ ក្នុង​ពិធី​តាំង​ពិពណ៌​មួយ​នៅ​ប៉ារីស គេ​បាន​តាំង​ម៉ាស៊ីន​ច្រៀង​មួយ​ដែល​អេឌីសុន​បាន​ផលិត ។ នៅ​ពេល​ដែល​ឮ​សំឡេង​មនុស្ស​លាន់​ចេញ​ពី​គ្រឿង​បំពង​សំឡេង​នៃ​ម៉ាស៊ីន​ច្រៀង បុរស​ត្រកូល​អភិជន​មួយ​រូប​ដែល​មាន​មុខ​នៅ​ទីនោះ​មិន​ព្រម​ជឿ​ដាច់​ខាន​ចំពោះ​ការ​រក​ឃើញ​ម៉ាស៊ីន​នេះ​ឡើយ ។

«វា​ជា​ល្បែង​បោកប្រាស់​មួយ​ទៀត​ហើយ ! ខ្ញុំ​សូម​អះអាង​ថា គឺ​អ្នក​បញ្ជា​ម៉ាស៊ីន​នោះ​ឯង​ដែល​បញ្ចេញ​សំឡេង​នោះ​…» ។ បុរស​ស្ទុះ​ទៅ​បិទ​មាត់​អ្នក​បញ្ជា​ម៉ាស៊ីន​ច្រៀង​… តែ​គួរ​ឲ្យ​អាណិត​ណាស់​ទុក​ជា​បុរស​ត្រកូល​អភិជន​នោះ​ប្រឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​វែក​មុខ​ល្បែង​បោកប្រាស់​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​ម៉ាស៊ីន​ច្រៀង​នៅ​តែ​បន្ត​បញ្ចេញ​សំឡេង​របស់​ចម្រៀង​…​ដដែល ។

                                                                 ប្រយោជន៍​របស់​ទ្វារ​មួយ

អេឌីសុន​ជានិច្ចកាល​នឹក​ឃើញ​ដល់​បណ្ដា​មធ្យោបាយ​ដើម្បី​ឲ្យ​ធូរស្រាល​កម្លាំង​ពលកម្ម ។ លោក​បាន​រក​ឃើញ​កន្លែង​សម្រាប់​ប្រើ​ការ​រក​ឃើញ​ថ្មីៗ​ដោយ​មិន​ថា​នៅ​កន្លែង​ណា​ឡើយ ។

ថ្ងៃ​មួយ មាន​មិត្ត​ម្នាក់​មក​លេង​ជាមួយ​លោក ។ គាត់​តម្អូញ​ថា ទ្វារ​នៅ​ខាងក្រៅ​ផ្ទះ​ធ្ងន់​ពេក ។ អេឌីសុន​ផ្ទុះ​សំណើច «គ្មាន​អ្វី​គួរ​ឲ្យ​ត្អូញត្អែរ​ទេ​… បើសិន​ជា​បង​ឯង​ដឹង​ថា ភ្ញៀវ​គ្រប់​រូប​ដែល​មក​កាន់​ទី​នេះ ពេល​រុញ​ទ្វារ​ចូល​មក​ម្នាក់ៗ បាន​ជួយ​បូម​ទឹក​ជំនួស​ខ្ញុំ​ដល់​ទៅ​៣០​លីត្រ បង្ហូរ​ទៅ​ដាក់​អាង​នៅ​លើ​ដំបូល​ផ្ទះ ។ ការ​ពិត​ឯតទគ្គកម្ម យើង​បាន​ឆ្លៀត​ប្រើ​ទ្វារ​ចេញ​ចូល​ដើម្បី​ឲ្យ​ទៅ​ជា​ម៉ាស៊ីន​បូមទឹក​សម្រាប់​បង្ហូរ​ទឹក​ទៅ​កាន់​បន្ទប់​ទឹក​នានា» ។

                                                               លទ្ធផល​នៃ​ការ​ប្រុង​ប្រយ័ត្ន

អេឌីសុន​ធ្វើ​ការងារ​អ្វី​មួយ​ដោយ​ហ្មត់ចត់​ណាស់ ។ មិន​ចំពោះ​ឯតទគ្គកម្ម​ណា​មួយ​ឡើយ លោក​តែង​តែ​តស៊ូ​ធ្វើ​ការ​ពិសោធន៍​មួយ​ហើយ​មួយ​ទៀត​រហូត​ដល់​បាន​ទទួល​លទ្ធផល​ដូច​បំណង ។ ដូចជា​ក្នុង​ពេល​ស្រាវជ្រាវ​ពី​អាគុយ​ជាដើម លោក​ត្រូវ​ធ្វើ​ពិសោធន៍​ដល់​ទៅ​… ៥០​ពាន់​លើក ។ ចំណែក​ក្នុង​ការ​រក​វត្ថុធាតុ​សម្រាប់​ធ្វើ​រេស៊ីស្តង់​អំពូល​ភ្លើង តួលេខ​នៃ​ការ​ធ្វើ​ពិសោធន៍​ឡើង​ដល់​ទៅ​៨​ពាន់​លើក​ដែរ ។

មិត្ត​ម្នាក់​សួរ​លោក​ថា «បង​ឯង​មិន​នឹក​ឃើញ​ថា ធ្វើ​បែប​នេះ​ជា​ការ​ប្រុងប្រយ័ត្ន​ហួស​ហេតុ​ពេក​ទេ​ឬ ?» ។ អេឌីសុន​ឆ្លើយ​តប​វិញ «មាន​អ្វី​ដែល​ថា​ហួស​ហេតុ​នោះ ? បើ​សិន​ជា​គ្មាន​ការ​ពិសោធន៍ ៥០​ពាន់​លើក​មុន​នោះ វា​ប្រាកដ​ជា​គ្មាន​អាគុយ​គំរូ ៥០.០០១ ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ​ឡើយ» ។ អាគុយ​ទី ៥០.០០១ នេះ​គឺ​ជា​អាគុយ​ដែល​យើង​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។

                                                                 ដើម្បី​សម្រេច​បាន​គោលដៅ

នៅ​ពេល​ធ្វើ​ពិសោធន៍​រក​វត្ថុធាតុ​សម្រាប់​ធ្វើ​រេស៊ីស្តង់​អំពូលភ្លើង អេឌីសុន​ត្រូវ​រិះរក​អស់​ពេល​យ៉ាង​យូរ​នៅ​តែ​មិន​ទាន់​សម្រេច​បាន​គោល​បំណង ។ លោក​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​ដល់​ប្រទេស​ជប៉ុន រក​ទិញ​ឫស្សី​ពក​មួយ​ប្រភេទ​ដែល​សរសៃ​របស់​វា​អាច​ច្នៃ​ធ្វើ​ជា​ធ្យូង​វត្ថុធាតុ​ដើម​សម​ស្រប​នឹង​សំណូមពរ​ជា​កំណត់​របស់​លោក ។

អ្នក​ដែល​បាន​ចាត់​ទៅ​បង្ហាញ​នូវ​ការ​អល់អែក «តើ​រេស៊ីស្តង់​អំពូលភ្លើង​មួយ​គួរ​តែ​ចំណាយ​កម្លាំង​ដល់​ថ្នាក់​ហ្នឹង​ឬ ?» ។ អេឌីសុន​បញ្ចេញ​ទឹក​មុខ​ម៉ឺងម៉ាត់ រួច​និយាយ «នែ​មិត្ត​សម្លាញ់ ! ធ្វើ​ការ​ជាមួយ​ខ្ញុំ សុំ​កុំ​និយាយ​ដល់​ការ​ខាត​បង់​កម្លាំង​អី ។ តែ​គួរ​សម្លឹង​ទៅ​កាន់​គោលបំណង​ដែល​យើង​ត្រូវ​ការ» ។

                                                                     មេរៀន​សម្រាប់​អ្នក​ស្កប់ស្កល់​និយម

មាន​មួយ​លើក​នោះ អេឌីសុន​បាន​ប្រគល់​ឲ្យ​សហការី​របស់​ខ្លួន​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​កម្លាំង​ម៉ាស៊ីន​នាវា​មុជ​ទឹក​មួយ ។ សហការី​នេះ​យក​មក​ឆ្លង​នូវ​វិធានការ​បី​ ដែល​ទាំង​បី​លើក​នោះ​ត្រូវ​អេឌីសុន​បដិសេធ​ទាំងអស់ ។ ដល់​លើក​ទី​៤ សហការី​និយាយ​ថា «ខ្ញុំ​បាន​ពិចារណា​រក​គ្រប់​របៀប​ហើយៗ​មិន​អាច​ធ្វើ​អ្វី​ឲ្យ​លើស​នេះ​បាន​ទៀត​ទេ !» ។ «ពិត​ទេ ?» ។

ពីរ​ថ្ងៃ​ក្រោយ​មក អេឌីសុន​អញ្ជើញ​សហការី​នោះ​មក​ជួប​លោក ហើយ​បង្ហាញ​ឲ្យ​មើល​ព្រម​គ្នា​… នូវ​វិធានការ ៤០​ខុស​ប្លែក​ពី​គ្នា ដែល​អេឌីសុន​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ជាក់​ស្ដែង ។

ការ​ពិត​ដើម្បី​បង្ហាញ​ជា​គំរូ​ពី​ការ​ប្រុងប្រយ័ត្ន​ដល់​សហការី​របស់​ខ្លួន អេឌីសុន​បាន​ចំណាយ​ពេល​ស្រាវជ្រាវ​លើ​គ្រប់​ជ្រុងជ្រោយ​នៃ​បញ្ហា ហើយ​បាន​ដាក់​បន្ថែម​នូវ​វិធានការ​សមស្រប​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា … ចំនួន​៤ មិន​ទាន់​ជា​ឯកតា​លេខ​ធំ​ជាង​គេ​ទេ ។

                                                                 ពាក្យ​ទូន្មាន​ដ៏​មាន​ប្រយោជន៍

គ្មាន​ថ្ងៃ​ណា​មួយ​ដែល​អេឌីសុន​បដិសេធ​មិន​ទទួល​ជួប​ជាមួយ​អ្នក​ឯតទគ្គកម្ម​ពាក់​កណ្ដាល​រដូវ ដែល​មិន​ព្រម​ស្រាវជ្រាវ​រុករក ហើយ​ចេះ​តែ​ស្រមៃ​ចង់​ឆក់​បាន​លទ្ធផល​ភ្លាមៗ​ឡើយ ។

មាន​ម្ដង​នោះ ជន​ម្នាក់​បាន​មក​ជួប​អេឌីសុន ហើយ​សួរ​ថា «ជម្រាប​ប្រសាសន៍​លោក ខ្ញុំ​កំពុង​ចង់​រក​ឲ្យ​ឃើញ​នូវ​អង្គធាតុ​មួយ​ដែល​អាច​នឹង​រលាយ​ចូល​ក្នុង​គ្រប់​វត្ថុធាតុ​ដែល​ជា​សូឡុយស្យុង​មួយ​ដ៏​អស្ចារ្យ ។ ខ្ញុំ​មក​នេះ​ដើម្បី​សុំ​លោក​ជួយ​បង្ហាញ​ណែនាំ​ផ្លូវ​ដែល​ត្រូវ​ដើរ» ។ អេឌីសុន​សើច​ញឹមៗ «ជម្រាប​ប្រសាសន៍​លោក មុន​ពេល​លោក​គិត​ឃើញ​ដល់​ការ​រក​ឃើញ​ថ្មី​នូវ​អង្គធាតុ​រលាយ​ដ៏​អស្ចារ្យ​នោះ សូម​លោក​ពិចារណា​មើល​… តើ​វា​អាច​នឹង​ដាក់​នៅ​ក្នុង​អ្វី​បាន​សិន ?» ។

អ្នក​បង្កើត​ថ្មី​អៀន​រឹង​ខ្លួន ។ ពេល​នោះ​ទើប​ដឹង​ថា ខ្លួន​ពិត​ជា​ល្ងង់​ខ្លៅ​មែន ។

                                                                    មាគ៌ា​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ

មាន​មនុស្ស​ខ្លះ​បាន​សួរ​អេឌីសុន​ថា «ជម្រាប​ប្រសាសន៍​លោក តើ​អ្នក​បង្កើត​ថ្មី​គ្រប់​រូប​ត្រូវ​ការ​នូវ​លក្ខណៈ​អ្វី​ខ្លះ ?» ។ អេឌីសុន​ឆ្លើយ​តប «ចំពោះ​អ្នក​បង្កើត​ថ្មី ទេពកោសល្យ​ដែល​ទេវតា​ប្រទាន​ឲ្យ​មាន​តែ​ ១% ​ប៉ុណ្ណោះ ចំណែក ៩៩% ទៀត គឺ​ដោយ​ដំណក់​ញើស និង​ទឹក​ភ្នែក» ។

                                                                    គុណសម្បត្តិ និង​ការ​ខ្វះខាត​របស់​អេឌីសុន

អេឌីសុន​ជា​មនុស្ស​ដែល​មាន​ការ​ប្រឹងប្រែង​ដ៏​មហស្ចារ្យ ។ ជា​រៀងរាល់​ថ្ងៃ​លោក​ធ្វើ​ការ​ដល់​ទៅ​១២​ម៉ោង ក្នុង​បន្ទប់​ពិសោធន៍ ។ លោក​ប្រឹងប្រែង​ធ្វើ​ពិសោធន៍​អស់​ពី​ករណី​មួយ​ដល់​មួយ រហូត​ដល់​រក​ឃើញ​វិធី​ដោះស្រាយ​បាន​យ៉ាង​សមរម្យ​បំផុត ។

តែ​នៅ​ពេល​យក​ចិត្ត​ទុក​ដាក់​ការ​អនុវត្ត លោក​មាន​ការ​ខ្វះខាត​មួយ ដោយ​មើល​ស្រាល​ទ្រឹស្ដី ។ អ្នក​បច្ចេកទេស​អូទ្រីស​ នីកូនតេសឡា បាន​កត់​សម្គាល់​ពី​អេឌីសុន​ថា «បើសិន​ជា​គាត់​ធ្វើ​ធ្លាក់​ម្ជុល​មួយ​ដើម​ទៅ​ក្នុង​គំនរ​ចំបើង គាត់​នឹង​រើ​ចំបើង​ម្ដង​មួយ​ទងៗ ដើម្បី​រក​ដោយ​មិន​រវល់​រិះ​គិត​មើល តើ​ម្ជុល​ធ្លាក់​នៅ​កន្លែង​ណា​ឡើយ ។ ក្នុង​ដំណាក់​កាល​ធ្វើ​ពលកម្ម​វិទ្យាសាស្ត្រ​របស់​ខ្លួន លោក​ត្រូវ​បង់​ខាត​កម្លាំង​ពលកម្ម​យ៉ាង​ហោច​ណាស់ ៣០% នៃ​ការងារ​របស់​លោក» ៕

ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង

ឈូកខ្មែរ

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 184 នាក់

ម្សិលមិញ 296 នាក់

សរុប 261710 នាក់