លោកជំទាវ ម៉ែន សំអន ធ្វើអញ្ជើញមកពិនិត្យនិងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិជាពិសេសសត្វអណ្តើកថ្មភក់ នៅប្រាសាទកណ្តាលស្រះស្រង់

20200514.2

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​៨​រោ​ច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវ​ប្ប​ធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរ​ជា​​​តិ​អប្សរា បានអញ្ជើ​ញ​ម​កពិនិត្យនិងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើន ពីវត្ថុស័ក្តិសិទ្ធិជា​ពិសេសសត្វអណ្តើកថ្មភក់ ដែ​​​​​​​លបានប្រទះឃើញនៅក្នុងការដ្ឋានកំ​ណា​យស្រាវជ្រាវបុរាណវិទ្យាប្រាសាទកណ្តាលស្រះស្រង់។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅក្នុងប្រា​សា​ទ​​​កណ្តាលស្រះស្រង់នេះ គឺក្នុងគោល​បំណ​ង​សូមឱ្យដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ ប្រជាជនកម្ពុជាចាកផុតពីជំងឺកាចសាហា​វ និងសូមឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពសម្បូរសប្បាយ រុង​រឿ​ង​ដូចបុរាណកាលជារាងរហូ​ត។ ជាមួយគ្នានេះដែរលោកជំទាវបានកោតសរសើរចំពោះការប្រឹងប្រែងរបស់ក្រុមការងារអា​ជ្ញាធ​រជាតិអប្សរាដែលបានចំណាយកម្លាំងកាយ ប្រា​​​​​​​ជ្ញា ស្មារតី លើកស្ទួយអភិរក្សប្រាង្គប្រា​សា​ទខ្មែរឱ្យបានប្រសើរ។

លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនិងជាតំណាងក្រុមកំណាយនៅការដ្ឋា​ន​ប្រាសាទកណ្តាលស្រះស្រ​ង់​បានឱ្យដឹងថា តាមការសន្និដ្ឋានបណ្តោះអាសន្ន អណ្តើកថ្មភក់នេះ គឺគេប្រើសម្រាប់បញ្ចុះក្រោមគ្រឹះប្រាសាទ។ ប៉ុន្តែការសិក្សាត្រូវការពេលវេលា ហើយយើងមិនអាចស​ន្និដ្ឋានអ្វីមួយ ឱ្យដាច់ស្រេចនោះទេ ព្រោះ​​​​​​ថា​អណ្តើកមានន័យច្រើន ដែលពិបាកកំណត់ឱ្យបានច្បាស់លាស់អំពីតួនាទីរបស់វា។ អណ្តើកត្រូវបានគេរកឃើញមិនថា តែនៅ​ស្រុកខ្មែរនោះទេ ប៉ុន្តែថែមទាំងនៅស្រុកឥណ្ឌានិងនៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន។ នៅក្នុងស្នូក​អ​ណ្តើកគេធ្លាប់រកឃើញថ្មមានតម្លៃរុំដោយសន្លឹកមាស និ​ង​របស់របរមួយចំនួនទៀតដែលអាស្រ័យទៅលើទីតាំងរកឃើញ ចំណែក​ឯ​នៅក្នុងខ្លួនអណ្តើកប្រាសាទស្រះស្រង់វិញគឺពុំឃើញមានអ្វីជារបស់មានតម្លៃដូចបានបរិយាយខា​ង​លើទេ។ តែវាមានតម្លៃស​ម្រា​ប់​ការសិក្សាអំពីការរៀបចំទុកដាក់អណ្តើកក្នុងន័យជំនឿកាលពីសម័យនោះ។

សូមបញ្ជាក់ថា ការធ្វើកំណាយជួសជុលប្រាសាទកណ្តាលស្រះសង់ជាលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវរួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ខ្វាត (គ្រីស្តា​ល់​​​​) ត្រីសូល៍ ចម្លាក់នាគក្បាល៧ និងសត្វអណ្តើកថ្មភក់ចំនួន២៕ 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 18 នាក់

ម្សិលមិញ 302 នាក់

សរុប 282607 នាក់