ឯកអគ្គរាជទូតជប៉ុនថ្វាយព្រះពរដ​ល់​ ព្រះមហាក្សត្រនៃព្រះរាជា​ណា​ច​ក្រ​​​កម្ពុជា ក្នុងឱកាសព្រះរាជពិធីបុ​ណ្យ​ចំរើនព្រះជន្មគម្រប់៦៧ព្រះវ​ស្សា​ យាងចូល៦៨ព្រះវស្សា

20200514.1

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកអគ្គរាជទូតជប៉ុនថ្វាយព្រះពរដល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្មគម្រប់៦៧ព្រះវស្សា យាងចូល៦៨ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតថ្វាយព្រះពរថា «ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្វាយព្រះរាជសព្វសាធុការពរ ថ្វាយព្រះករុណា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ និងព្រះរាជសុភមង្គល»។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សកម្ពុជា និងជប៉ុន បានកើតឡើងតាំងពីឆ្នាំ១៩៥៣ កំឡុងពេលព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់ប្រទេសជប៉ុនជាលើកដំបូង។


យោងតាមឯកសារពីស្ថានទូតជប៉ុន បានបង្ហាញថា ក្រោយដំណើរព្រះរាជទស្សនកិច្ចដំបូងនេះ ព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរ បានយាងបន្តផ្លាស់ប្តូរទំនាក់ទំនងជាញឹ​ក​ញាប់ ដោយនៅឆ្នាំ២០១០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេ​សជ​ប៉ុន។ ក្រោយមកនៅខែមិថុនា ឆ្នាំ២០១២ នៅពេលព្រះករុណា ណារូហ៊ីតូ នៅជាព្រះអង្គម្ចាស់រាជទាយាទ ព្រះអង្គក៏បានយាងព្រះរាជទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុង កំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ណារូហ៊ីតូ បានយាងគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានយាងជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងបានយាងសំណេះសំណាលជាមួយនិស្សិតដេប៉ាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ព្រះករុណា ណារូហ៊ីតូ ក៏បានយាងព្រះរាជទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដែលជាអច្ឆរិយប្រាសាទរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់វប្បធម៌ប្រវត្តិសា​ស្រ្តដ៏ល្បីល្បាញរបស់ពិភពលោក។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុនថ្មី ព្រះអង្គម្ចាស់ណារ៉ូហ៊ីតុ (Naruhito)។

រដ្ឋាភិបាលជប៉ុន បានចាត់ទុកឆ្នាំ២០១៩ ជារជ្ជកាលថ្មី ដែលប្រសិទ្ធនាមថា «រ៉េវ៉ា(Reiwa)» មានន័យថា វប្បធម៌ត្រូវបានរីកលូតលាស់ឡើង នៅពេលដែលដួងចិត្តរបស់ប្រជាជនរួមគ្នាជាធ្លុងមួយប្រកបដោយសុខុដុមរមនា សំដៅបន្តលើកស្ទួយមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកកាន់តែប្រសើរ និងជិតស្និទ្ធឡើងថែមមួយកម្រិតទៀត៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10 នាក់

ម្សិលមិញ 302 នាក់

សរុប 282599 នាក់