ថ្ងៃខួប៤១ឆ្នាំ សម្តេចតេជោរំលឹករឿងរ៉ាវឈឺចាប់វិនាសព្រាត់ប្រាស់គ្រួសារ និងសូមកុំឲ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាទៀត (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២០)

20200222.11

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាថ្ងៃខួប៤១ឆ្នាំនៃការជួបគ្នាឡើងវិញរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិ​ត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានដួលរលំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២​០​២​០​) ។

តាមរយៈហ្វេកប៊ុកផេក ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនូវអត្ថបទមួយរំលឹកការឈឺ​ចា​ប់ វេទនានិរាសព្រាត់ប្រាស់បែកប្រពន្ធកូន និងស្នើសូមកុំឲ្យរឿងឈឺចាប់ កើតឡើងលើទឹកដីកម្ពុជាតទៅទៀត។

ខាងក្រោមនេះជាអត្ថបទទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំ​ខិ​តខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយ​ដែ​លខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។

ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើប​ស​ម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុក​ពា​មជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិ​ញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។

ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ច​ម្លើ​យក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំ​បា​​​​​ច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។

ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះ​ខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យឆ្មបស្រាប់ គា​ត់​បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។

ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែ​ក​ដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិ​ន​ដែលប្រាប់នាងក៏ដោយ។

ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏​បានយករឿងនេះជំរាបទៅប្រធាននយោបាយនៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុ ញ្ញា តអោយខ្ញុំ​យ​ក​ រ៉ានី​ ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹ​កថ្ងៃទី១២ ខែវិច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក​ រ៉ានី​ មកកាន់អង្គភាព។ ​ពិ​ត​ជា​សំណាងសម្រាប់រ៉ានី​ ដែលខ្ញុំបាននាំនាងមកអោយឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើ​ងនិងឈានដល់ស្លាប់មិនខាន។

ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ​ រ៉ានី​ ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ​ និង​បំរើ​ រ៉ានី​ ដូចថែទាំម្តាយចាស់ មិន​ត្រឹ​ម​តែ​​​បា​​យទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ​។ ខ្លុំក្លាយជា​អ្ន​កចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំ​តែ​ងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំ​​​គាត់និយាយឬរំលឹកពី​រឿ​ងកូនស្លាប់ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។

ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ​ រ៉ានី​ លើសពីមួយសប្តាហ៏ បន្ទាប់ពីរៀបការហើ​យ​។ ម​ក​ដ​ល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី​ មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិ​ន​​គួរមានកូនក្នុងកា​លៈ​ទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធ​កើ​តឡើងតើប្រពន្ធនិងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនច​ង់​ឃើញភរិយានិងកូនខ្ញុំមានគ្រោះ​ថ្នាក់នៅពេលមានការប្រយុទ្ឋកើតឡើង។ ខ្ញុំបា​នទៅសុំប្រធាននយោបាយអង្គភាព ដើ​​​ម្បី​បញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេ​ទ្យ​កងទ័ពដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជា​ង​​​​​​​​​៣០គីឡូម៉ែត្រ។

បែកគ្នាលើកមុនៗត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្ប​​ត្តិ​វាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប​ រ៉ានី​ ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន២ថ្ងៃដែលខ្ញុំចា​​​​​​​​​​​​​​​​​​កចេញ​ដើ​ម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះ​ទេ។ ការមិននិ​យា​យប្រាប់ មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែ​ក​ភរិយាខ្ញុំហូរស្រក់មក មិ​ន​ចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទា​​​ន់បានកើតឡើងនៅឡើយនោះ​ទេ។

មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកអោយ​ រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបា​ក​បំផុតស​ម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រ​ហែល​២រសៀល ប​ន្ទា​ប់​ពី​​​​បញ្ជាអោយកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី​។​ ការចាប់ផ្តើមនៃលិខិតពិត​ជា​លំបាករកពាក្យសរសេរដែលទីបំផុតខ្ញុំបានប្រើពាក្យថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់ប​ង នៅពេលដែលអូនអានលិខិតនេះ​ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។ រឿ​ងដែលពិបាក តើត្រូវប្រាប់រ៉ានីថាខ្ញុំនៅ​ទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូ​វគេបាញ់សម្លាប់? ឬ សរសេរលិខិតរួច ត្រូវធ្វើ​កា​រ​ប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំអោយមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទ​ម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។

ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល៤ល្ងា​ច ប​ន្ទា​ប់​ពី​ប្រគល់លិខិតនិងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះនឿន(ពេលនេះជាឧត្តមសេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បី​ប​ញ្ជូនទៅអោយភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអ​ង្គុ​យ​យកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃដែលមានខ្ទមអ្នកតានៅ​​​នឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។

សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា(ចេញភ្លាមទៅ ចេញអោយឆាប់)ស្រែកច្រើនដង និង ខ្លាំងៗស្ទើរបែកក្រ​ដាស់ត្រ​ចៀ​ក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៍មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សម្លេងឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។ នៅ​ពេលយុទ្ធជន៣នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ?ពួកគេទាំង៣នាក់ឆ្លើយស្រុះគ្នា​ថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់អោយខ្ញុំចាកចេញហើយ។

ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ២លើករួចមកហើយ។លើកទី១នៅចុងឆ្នាំ​១៩​៧​៥​ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកអោយខ្ញុំ(ជំនឿមនុស្សខ្លះយល់សប្តិបានសារ៉ុងសូត្រគឺ​នឹ​ងមានប្រពន្ធ)មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែលរ៉ានីក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។

ការព្រាត់គ្នានាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។​ ទឹកភ្នែករាប់​ម៉ឺ​នសែនលានដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំឱ្យប្រឹ​ង​តស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។​ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមាន​កា​រចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។

តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេ​ ហើយប្រសិនបើបានទទួលវិញគឺសុទ្ឋតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួល​ព័​ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជា​​​ង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។

មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំយល់សប្តិឃើញ​ រ៉ានីភរិយាខ្ញុំនៅម្ខាងព្រែក​ដែ​លមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូកដើម្បីអុំទៅយក​ រ៉ានី​ ស្រាប់តែនាឡិកា​ រោទ៍ឡើងនៅម៉ោ​ង​៥​ភ្លឺ​ ធ្វើអោយខ្ញុំភ្ញាក់ពីដេកដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានីនៅ​រស់ឬស្លាប់។

ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លា​ប់ តើគាត់ស្លាប់នៅទីណា? ស្លាប់ដោយជម្ងឺឬស្លាប់ដោយគេសម្លាប់?​ ហើយតើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់?​ ឬស្លា​ប់ទាំងមានផ្ទៃពោះ?​ ប្រសិនកូនខ្ញុំកើតហើយតើគេប្រុសឬស្រី?​ តើគេនៅរស់ឬស្លាប់?ប្រសិនបើកូនខ្ញុំនៅរស់តើគេនៅទីណា?​ សំ​នួរជាច្រើនបានធ្វើអោយខ្ញុំហូរទឹកភ្នែកដោយការឈឺចាប់។

ល្ងាចថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេ​ង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមា​ន​២​លើ​​​ករួចមកហើយ។ លើកទី១មានស្ត្រីអាយុប្រហែលម្តាយ ខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គា​ត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរ​ទេ​ស​ ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំ​​​ហ្ណឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ​។ ដោយសារមានរឿងមិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាច ហើ​​​យ ខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ​ រ៉ានី​ ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រ​ពន្ធខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញទៅឱបម្តា​​​យហើយស្រែ​ក​យំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភា​ព​​​កា​រណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅរស់ជារៀងរហូតមក​ តែដើម្បីសេចក្តីសុខ​ នា​ង​សុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាកមួយរយះទៀត។​ ការជួបជុំឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះ​ម៉ា​យ​និងមេម៉ាយ​ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ​ រ៉ានី មា​​​​​​​ន​​​​ឈ្មោះថា​ជាមេម៉ាយកូន១។

ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែ​ ដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ ។​ នៅពេល ម៉ាណែត ព្រមហៅខ្ញុំ​ថា​ពុ​កបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន ។ នេះជាកំហុសរបស់ខ្ញុំដែលមិន​បា​នរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើ​យ​យ​​​កមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិ​ត​២​ខែ​​នេះរលូត។ សោកដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួ​សារ​ភា​គ​​​ច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។សូមកុំអោយរឿងឈឺចាប់កើតឡើងលើទឹកដីក​ម្ពុជា​ត​​​ទៅទៀត ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 191 នាក់

ម្សិលមិញ 296 នាក់

សរុប 261717 នាក់