អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ពានស្ទឹងស្តៅ ដែ​ល​​​រងការឆេះដោយភ្លើងឆេះព្រៃរាល និ​ងបញ្ជាឲ្យ សាងសង់ស្ពានដែកបា​ឡេ​ជំនួសវិញ

20200222.4 (1)

ខេត្តព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមជាមួយថ្នាក់ដឹកនាំខេត្ត ស្ន​ងការនគរបាលខេត្ត ប្រធានមន្ទីរសា​ធា​រ​ណៈការ និងដឹកជញ្ជូនខេត្ត និងស្ថាបន័ពាក់ព័ន្ធជាច្រើនរូបទៀត បានចុះពិនិត្យមើ​ល​ដោយផ្ទាល់ស្ពានស្ទឹងស្តៅ ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី ដែលរងការ​ឆា​បឆេះដោយសារភ្លើងព្រៃឆេះរាលមក ។

ក្រោយពីបានចុះពិនិត្យស្ថានភាពជុំវិញទីកន្លែង ដែលរងការឆាបឆេះដោយសារភ្លើងព្រៃរួចមក អភិបាលខេត្តព្រះវិហារ បានប​ញ្ជា​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេ​ត្ត ត្រូវសិក្សាលទ្ធភាពដើម្បីសាងសង់ស្ពានដែកបាឡាជំនួសវិញ ហើយកា​រ​សា​ង​ស​ង់​ គឺត្រូវចាប់ផ្តើមពីថ្ងៃនេះតែម្តង និងត្រូវសម្អាតបរិវេណជុំវិញនេះឲ្យបានស្អាត។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ក្រោយពីទទួលបានបទបញ្ជារ​ប​​ស់លោកអភិបាលខេត្ត មន្ទីរបានត្រៀម​ស្ថា​បនាស្ពានចំនួន ៣កន្លែង តាមបណ្ដោយផ្លូវលំសហគមន៍នេះ។ ការស្ថាបនាស្ពាននៅ​តំបន់នេះ ក៏មានការចូលរួមពីខាងមន្ទីរបរិស្ថានផងដែរ ក្នុងការផ្គត់ផ្គង់ឈើ ដើ​ម្បី​សា​​​​​​​​​​​​ងសង់ ហើយបន្ថែមលើសពីនេះ ម​ន្ទីរ​សា​ធារណការ ក៏បានស្នើសុំទៅលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលោក គង់​ វិ​មា​ន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួង ដើម្បីជួយផ្គត់ផ្គង់ដែកស្ពានបន្ថែមទៀត ដើម្បីសាងសង់ស្ពានទាំងនេះ​ឱ្យមានគុណភាពកាន់តែរឹងមាំ ដើម្បី​ធា​នាដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា «ស្ពានស្ទឹងស្តៅដែលឆេះនេះ គឺជាស្ពានឈើចាស់ទ្រុឌទ្រោមណាស់ទៅហើយ»។ ទោះជាស្ពាននេះ​មិនឆេះ ក៏មិនអាចធ្វើចរាចរណ៍​បា​ន​ទេ ដោយសព្វថ្ងៃនេះការធ្វើចរចារណ៍បាន ដោយសារតែផ្លូវវាងប៉ុណ្ណោះ។ ស្ពាននេះ គឺជា​ស្ពា​នរបស់ប្រជាសហគមន៍ ដែលស្ថិតនៅចន្លោះភូមិសុច និងភូមិត្រពាំងធ្លក មិ​ន​​​មែនស្ពានចូលទៅផ្ទះ លោកបេនដាវីស នោះទេ ​បើធៀបចំងាយពីស្ពាននេះទៅផ្ទះលោកបេនមានចំងាយជាង ១០គីឡូម៉ែត្រឯណោះ ។

ក្រសួងបរិស្ថាន នឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន ២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃ​​​ភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកស​ង្គ​​ម​ថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺ​ជា​ច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុ​ស្ស​រណៈ​យោ​​​​​គយល់ជាមួយ BeeTreed ដែលមា​ន​លោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរ​ប​ស់​លោ​ក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

លោក នេត្រ ភក្រ្តា បានថ្លែងថា ក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្​តក្នុ​ងការចូលរួមកសាងស្ពាន ក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែ​លនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។

បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះ​វិហា​រ​ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០​​​៩​​​៧ ហិកតាដែល ក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងប​រិ​ស្ថា​ន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធ​ន​ធា​ន ធម្មជាតិនិងជីវៈចម្រុះច្រើនប្រ​ភេ​ទ​​​ ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រ​សួ​​​ងបរិ​ស្ថា​​នតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ ថវិកាចំនួន ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោ​​​យបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើ​ម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធាន​ធ​ម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពា​ន​​នីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ​។ លោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយដែលស្ពានជាទ្រព្យសម្បត្តិ​សា​ធារ​ណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ លោ​ក​រដ្ឋលេខាធិការ សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើ​យបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោក ភ​ក្រ្តា បានថ្លែងថា យើងនឹងមិនលើកលែង​ឱ្យ​ជនល្មើល ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 174 នាក់

ម្សិលមិញ 296 នាក់

សរុប 261700 នាក់