សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ ក្នុងនាវាជាង២,០០០នាក់ ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់

20200214.8

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីការអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាមេរិក ចូលចតនៅក្នុងកំពង់ផែ ក្រុងព្រះ​សីហ​នុ​ ខេត្តព្រះសីហនុ និងសម្រួលគ្រប់កិច្ចការពាក់ព័ន្ធជូននោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រ​កា​សអនុញ្ញាតឲ្យអ្នកដំណើរ ក្នុងនាវាជាង២,០០០នាក់ ដើរលេងកម្សាន្ដនៅក្នុងប្រទេស​ក​ម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីទាំងអ​ស់​ ។

ក្នុងឱកាសអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះ​សី​ហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសច​រ​ណ៍ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសមិនឲ្យ​មានការរើសអើងភ្ញៀវទេសចណ៍ ដែលចេញពីនាវានេះទេ មិនតែនៅខេត្តព្រះសីហ​នុ ឬនៅទីណានោះឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចបានណែនាំឲ្យត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើ​ដំ​ណើររបស់អ្នកនៅលើនាវា ទៅតាម​កោះ​​​​​​​​​​នានានៅក្នុងខេត្តព្រះសីហនុ ប្រសិនបើអ្នកទាំងអស់នោះត្រូវការ ខណៈដែលយន្ដហោះចំនួន៤គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក៏ត្រៀមដើម្បីដឹកមក​អា​​កាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចចាកចេញទៅធ្វើដំណើរកម្សាន្ដ នៅក្នុងខេត្តព្រះសី​ហ​នុ ហើយបើសិនមានបំណងទៅទស្សនកិច្ច នៅខេត្តសៀមរាប ទីនោះយើងនឹងបង្កលក្ខណៈងាយស្រួលមានក្រុមហ៊ុន អាកាសចរណ៍កម្ពុជាអង្គរអ៊ែរ៤គ្រឿង ដែលបានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន គឺផ្ដល់ឱកាសសម្រាប់អ្នកដែលនៅនាវាដើម្បីចុះទៅងូតទឹកសមុទ្រ និងកន្លែងនានាដែលលោកតំណាងសហរដ្ឋអាមេរិកបានលើក​សំ​​ណើ​មិញ ខ្ញុំបានឆ្លើយតបរួចហើយអនុញ្ញាត ឲ្យពួកគាត់បានចុះទៅលេងកម្សាន្ដ»។ បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏​បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្ន​ក​បម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ បើសិនជាមានការឆ្លងណាមួយ គឺឆ្លងចំពោះ​ស​ម្ដេចតែម្ដង។ ប្រមុខនៃរាជរ​ដ្ឋា​ភិ​បា​លកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួម​ចំ​ណែក ដើម្បីលើកស្ទូយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង ហើ​យ​ស​ម្រា​ប់ពីព្រលានយន្ដហោះកងកេង ទៅកាន់ព្រ​លា​នយ​ន្ដ​ហោះភ្នំពេញ បានរៀបចំនៅទីកន្លែងនោះយ៉ាងល្អហើយដែរ ដូច្នេះសូមកុំ​មា​នការភ័យខ្លាចអំពីការដែលត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ។

ម៉ោង៩ៈ២០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើររបស់នាវា Westerdam  ចំនួន១១៩នាក់ ដែ​លជាក្រុមទី១ បានធ្វើ​ដំណើរតាមយន្តហោះពីខេត្តព្រះសី​ហ​នុ មកដល់ព្រលានយន្តអន្តរជាតិភ្នំពេញហើយ ដើម្បីរៀ​បចំបន្តដំណើរទៅកាន់ប្រទេសរប​ស់​​​ពួកគាត់រៀងៗខ្លួន បន្ទាប់ពីតែលតោលនៅលើនាវាអស់ជាង១០ថ្ងៃមកនេះ ។ ភ្ញៀ​វ​ទេសចរចម្រុះជាតិសាសន៍របស់នាវា Wes​te​r​​dam ប្រមាន១១៩នាក់ កំពុងរៀបចំ Check in ដើម្បីរៀបចំធ្វើដំណើរទៅតាមប្រទេសរបស់ពួកគាត់។

សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិក​ក​ប៉ាល់ចំនួន ៨០២នាក់ បានចាកចេ​ញ​ពី​ទី​ក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេ​ធ​មិនឲ្យចូលចតឡើយ ដោយសារតែការព្រួ​យ​បារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ យោងតាមបញ្ជីអ្នកដំណើរប​ង្ហា​ញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មា​ន​ចំនួនរហូតដល់៦៥១នាក់ ជនជា​តិ​កាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមាន​ជ​ន​ជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 365 នាក់

ម្សិលមិញ 374 នាក់

សរុប 242387 នាក់